
អៀង សារី
អៀង សារី នាមដើម គឹម ត្រាង ជាខ្មែរកម្ពុជាក្រោម កើតនៅឆ្នាំ 1924 នៅវិញវិញ ពីគ្រួសារអ្នកមានមធ្យម ។ គាត់បានមករស់នៅភ្នំពេញ ពីឆ្នាំ 1943 ចូលសិក្សានៅ វិទ្យា-ល័យ ស៊ីសុវត្ថិ និង បានមកសិក្សានៅ វិជ្ជាស្ថាននយោបាយ ក្រុងប៉ារីស ។ នៅប៉ារីស ខែ មិថុនា 1952 អៀង សារី និង និស្សិតខ្មែរមួយចំនួនទៀត គឺ ខៀវ ធីឫទ្ធិ, ហ៊ូ យន់, កេង វ៉ាន់សាក់, ជួន មុំ, សាឡុត ស, ម៉ី ម៉ាន់, ម៉ី ផាត, រត្ន សាមឿន បានបង្កើត ក្រុមម៉ាក្សីស (CERCLE MARXISTE) គឺជាក្រុមមាននិន្នាការឆ្វេងនិយម ប្រឆាំងទៅរាជានិយម ។ ឆ្នាំ 1951 គាត់បានរៀបការជាមួយ ខៀវ ធីឫទ្ធិ ជាប្អូនស្រីបង្កើត ខៀវ ប៊ុណ្ណារី ប្រពន្ធ ប៉ុល ពត ។ គាត់បានចូលជាសមាជិក គណបក្សកុម្មុយនិស្តបារាំង ឆ្នាំ 1951 បានចូលរួម សន្និសីទ នៃ ចលនាសំរាប់សន្តិភាព នៅ ហែលស៊ិនគី ប្រទេសហ្វាំងឡង់ ពីឆ្នាំ 1955 ។
ត្រឡប់ចូលកម្ពុជាវិញ នៅឆ្នាំ 1957 អៀង សារី បានចូលធ្វើជាសាស្ត្រាចារ្យ នៅ វិទ្យាល័យ ស៊ីសុវត្ថិ ។ សកម្មភាពឆ្វេងនិយមរបស់គាត់ មានយ៉ាងសកម្មតាំងពីពេលនោះ មក ។ ឆ្នាំ 1962 ពេលដែល ទូ សាមុត ស្លាប់ មិនដឹងជាបណ្តាលមកពីហេតុអ្វី សាឡុត ស, អៀង សារី បានចូលជា សមាជិកការិយាល័យ គណបក្សការងារកម្ពុជា (គ.ង.ក.) ។ គ.ង.ក. នេះ ជាស្នូលដំបូងសំរាប់បង្កើត គណបក្សកុម្មុយនិស្តកម្ពុជា (គ.ក.ក.) ដែលកើត ជារូបរាងពិតប្រាកដ នៅឆ្នាំ 1966 ។ អៀង សារី បានរត់ចូលព្រៃជាមួយ សាឡុត ស ពីឆ្នាំ 1963 ។ ពេលមានសង្គ្រាមប្រឆាំងទៅរបប លន់ នល់ (1970-1975) ឬក៏ តាំងពីឆ្នាំ 1975-1979 អៀង សារី មានមុខនាទីកាន់ក្តាប់កិច្ចការបរទេស ទាក់ទងជាមួយ ប៉េកាំង និង ហាណូយ ។ ក្នុងរបប កម្ពុជាប្រជាធិបតេយ្យ (ក.ប.) គាត់មានតំណែងជា ឧបនាយក រដ្ឋមន្ត្រី ទទួលបន្ទុក ក្រសួងការបរទេស ។
មិនដូចជា ប៉ុល ពត ដែលជនមានទឹកមុខសម្បូរណ៍ស្នេហ៍ ពូកែទាក់មនុស្សយកទៅ បំបាត់ចោលទាំងហ្វូងៗដោយស្ងាត់ៗ អៀង សារី ខ្មែរកម្ពុជាក្រោម រស់ជាមួយយួន ជាជន របិញរបុញ បោកគេឯង នៅកន្លែងណា មានរឿងកន្លែងនោះ ។ ក្នុងរបប ក.ប. អៀង សារី ទទួលខុសត្រូវ ជំរំបឹងត្របែក, ជំរី បេ១៧ បេ១៨ នៅកំពង់ចាម ដែលនៅទីនោះ រាស្ត្រខ្មែរ បញ្ញវ័ន្តខ្មែរ មួយចំនួន ដែល អៀង សារី បោកឲ្យវិលត្រឡប់ចូលស្រុកវិញ បានត្រូវបាត់បង់ ជីវិត ។ អៀង សារី បាននិយាយថា “យើងមិនចាំបាច់ត្រូវការមនុស្សចាស់ៗអ្វីទេ ព្រោះ និងមិនចាំបាច់យកមនុស្សចាស់ៗអ្វីទេ ព្រោះន យើងមិនអាចកែគំនិតពួកនេះបានឡើយ ។ ពេលដែលយើងនឹងបង្កើតបានមនុស្សថ្មីមួយទៀត យើងនឹងកំចាត់ពួកចាស់ៗនេះចោលឲ្យអស់” ។ ដូចជា ប៉ុល ពត ដែរ អៀង សារី បានត្រូវតុលាការភ្នំពេញ ជំនាន់ ហេង សំរិន កាត់ទោសប្រហារជីវិត ពីថ្ងៃ 19 សីហា 1979 និង បានត្រូវសភាជាតិក្រុងភ្នំពេញដដែល បោះឆ្នោតដាក់ ជាជននៅក្នុងក្រុម ក.ប. នៅក្រៅច្បាប់ ពីថ្ងៃ 7 កក្កដា 1994។ ចន្លោះឆ្នាំ 1982-1991 នៃ រដ្ឋាភិបាលចំរុះ ក.ប. (GCKD) អៀង សារី មានតួនាទីទទួលខុសត្រូវសឹងតែផ្តាច់មុខ ទាក់ទងជាមួយចិន ខាង ទទួលជំនួយ ហិរញ្ញវត្ថុ និង យោធា ។ ឆ្នាំ 1992 គាត់បានត្រូវគេព្យួរជើង ដកការទទួល ខុសត្រូវជាច្រើនលើក ។
នៅថ្ងៃទី 14 កញ្ញា 1996 មហាក្សត្រ ន. សីហនុ លើកលែងទោស លោក អៀង សារី លុបចោលការកាត់ទោសប្រហារជីវិត ពីឆ្នាំ 1979។
ថ្វីត្បិតតែមានការលើកលែងទោសពី ស្តេចសីហនុ ក៏ដោយ អៀង សារី បានត្រូវ តុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម ចាប់ខ្លួនឃុំឃាំងនៅ ថ្ងៃ 12 វិច្ឆិកា 2007 ។ អៀង សារី ក៏ដូចជាប្រពន្ធគាត់ដែរ ខៀវ ធិឫទ្ធិ “ បានត្រូវតុលាការចោទពីបទ “ឧក្រិដ្ឋកម្ម សង្គ្រាម និង ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ” ។ នៅថ្ងៃ 16 ធ្នូ 2009 តុលាការចោទពីរ ករណីបន្ថែមទៀត ពីបទ ជនឃាដ លើជនជាតិភាគតិច ចាម និង យួន ។ តុលាការនេះ កាត់ទោសតែមេខ្មែរក្រហមធំៗ នៅចន្លោះឆ្នាំ 1975 - 1978 ។