Information

#35BE1, St 298, Phnom Penh, Cambodia

Tel: 098 868 442 / 077 98 88 26
Telegram contact: t.me/ScholarBookCam

Mon - Sat: 8 am - 5 pm, Sunday: CLOSED

Menu

  • Books
  • News
  • Contact
  • About
  • Install App

Social Media

    YoutubeYoutubeScholar BookScholar BookScholar Book Scholar Book

By : Alphalib|© 2024 - All Rights Reserved

នរោត្តម ចន្ទរង្សី

August 18, 2025
383
Image's នរោត្តម ចន្ទរង្សី

នរោត្តម ចន្ទរង្សី

 

ព្រះអង្គម្ចាស់ នរោត្តម ចន្ទ រង្សី ប្រសូត្រនៅឆ្នាំ 1926 ត្រូវនឹងឆ្នាំខាល ។ បិតានាម នរោត្តម ចន្ទលេខា ហៅ ព្រះអង្គម្ចាស់ តូ និង អ្នកម្នាង តាត ជារាស្ត្រសាមញ្ញ មានកំណើត នៅខេត្តកំពង់ស្ពឺ ។

 

ទ្រង់ ចន្ទ រង្សី ចូលប្រឡូកក្នុងនយោបាយជាដំបូង នៅកំឡុងពាក់កណ្តាលទសវត្ស ឆ្នាំ 1940នៅពេលវត្តមាន ជប៉ុន នៅកម្ពុជា ។ ទ្រង់ ចន្ទ រង្សី ចូលជា សមាជិក “ទាហាន ស្ម័គ្រចិត្ត” ដែលបានបង្កើតឡើង ក្រោមការឧបត្ថម្ភរបស់ជប៉ុន ស្ថិតនៅក្រោមបញ្ជាការ របស់ អនុសេនីយទោ TSOTOMU TADAKOMA ។ នៅថ្ងៃទី 9 មីនា 1945 ជប៉ុន បាន ចាប់ខ្លួន កងទ័ព អ្នករដ្ឋការ និង ជនស៊ីវិល បារាំងនៅកម្ពុជា ហើយបីថ្ងៃក្រោយមក ពួក ជប៉ុន បានជម្រុញ ស្តេច នរោត្តម សីហនុ ឲ្យប្រកាស “ឯករាជ្យ កម្ពុជា” ។ វាសនាកាន់-កាប់ទឹកដី ជប៉ុននៅលើកម្ពុជា មិនមានរយៈពេលវែងឡើយ ។ ឥទ្ធិពលរបស់ជប៉ុន បាន បញ្ចប់នៅពេលដែលប្រទេសជប៉ុនចាញ់សង្រ្គាមលោកលើកទី 2 ។ បារាំងក៏បានវិលត្រឡប់ មកកម្ពុជាវិញ ដែលជាហេតុធ្វើឲ្យអ្នកទាំងឡាយណា បានធ្វើសហប្រតិបត្តិការជាមួយជប៉ុន ដូចជា “ទាហានស្ម័គ្រចិត្ត” មានការភ័យខ្លាចបារាំងចាប់ខ្លួន ។ ក្រុមទាហាននេះ បាន រំសាយខ្លួន ជាស្វ័យប្រវត្តិ ។ ទ្រង់ ចន្ទ រង្សី បានគេចខ្លួនទៅ ខេត្តបាត់ដំបង ដែលកាលនោះ ជាទឹកដីស្ថិតនៅក្រោមការត្រួតត្រារបស់ថៃ ។ នៅទីនេ ។ នៅទីនោះ ទ្រង់បានចូលរួមជាមួយ ចលនា ខ្មែរឥស្សរៈ ដែលត្រូវបានបង្កើតដោយ លោក ម៉ុក គុណ និង លោក រស់ យឿន រួចទៅ ហើយ ។ គេបានឲ្យទ្រង់កាន់តំណែងជា មេបញ្ជាការ កងវរសេនាតូច ។ ពួកគេបានធ្វើ សកម្មភាពផ្សេងៗ ក្រោមការជួយគាំទ្រពីថៃ រហូតដល់ពេល ខេត្តបាត់ដំបង ត្រូវផ្ទេរមកឲ្យ កម្ពុជាគ្រប់គ្រង់វិញ ។ ក្រុមខ្មែរឥស្សរៈខ្លះ រត់គេចទៅក្រុងបាងកក ។ នៅចន្លោះខែ តុលា និង វិច្ឆិកា ពួកមេ ខ្មែរឥស្សរៈ មួយចំនួន នាំគ្នាប្រជុំមួយ ដែលដឹកនាំដោយ ប៉ុក គុណ ។ ក្រោយការពិភាក្សាដ៏ល្អិតល្អន់ រវាងមេដឹកនាំល្បីៗ ដូចជា ហូលពង្ស អនុភាព, ដាប ឈួន, កៅ តក់, ស៊ីវ ហេង, ហែម សាវាង, តំណាងមកពីរដ្ឋាភិបាលថៃ និង តំណាងពួក

 

យៀកមិញ សេចក្តីសំរេចចំនួន 4បានអនុម័ត ៖ - តាមសេចក្តីសំរេចទី 3ទ្រង់ ចន្ទ រង្សី និង ប៉ុក គុណ ត្រូវបានបញ្ជូនទៅបាងកក ដើម្បីធ្វើជាតំណាងអន្តរជាតិរបស់ខ្មែរឥស្សរៈ និង ទទួលភារៈធ្វើទំនាក់ទំនងជាមួយអាជ្ញាធរ ថៃ និង ពួកយៀកមិញ ។តាមសេចក្តីសម្រេចទី4 ទ្រង់ ចន្ទ រង្សី ត្រូវបានតែងតាំងជាតំណាង និង ជានិមិត្តរូប នៃ ក្រុមរាជរង្សានុវង្ស ដែលប្រឆាំងនឹងបារាំង ។

 

អង្គប្រជុំសម្រេចថា ខ្មែរឥស្សរៈ ត្រូវពង្រីកសកម្មភាពសង្គ្រាមទ័ពព្រៃលើកម្ពុជា ឲ្យបាន គ្រប់ច្រកល្ហក ក្នុងពេលឆាប់ៗ និង ប្រកាសឲ្យបង្កើត រដ្ឋាភិបាលឯករាជ្យ នៃ ចលនាខ្មែរ ឥស្សរៈ ដែលនឹងបណ្ដេញ បារាំង និង សម្តេច សីហនុ ដោយរក្សាសមាជិករាជវង្សណាមួយ ជានិមិត្តរូប គឺ ទ្រង់ ចន្ទ រង្សី ។ នៅពេលមាន “ពលប្រហារ” វិបត្តិនយោបាយនៅបាងកក នៅថ្ងៃទី7 វិច្ឆិកា 1947ខ្មែរឥស្សរៈ បាត់ការគាំទ្រពីថៃ មេខ្មែរឥស្សរៈខ្លះ ត្រូវថៃចាប់ខ្លួន នៅសល់ខ្លះ ត្រូវបង្ខំចិត្តរត់គេចចូលស្រុកខ្មែរវិញ ។ នៅចន្លោះ ខែវិច្ឆិកា 1947 និង ដើម ឆ្នាំ 1948ទ្រង់ ចន្ទ រង្សី, ហែម សាវាង, ម៉ី ផូ, ស៊ីវ ហេង និង កៅតក់ បានរត់គេចមកដល់ ទឹកដីកម្ពុជាវិញ ។ ទ្រង់ ចន្ទ រង្សី បានបះទង្គិចជាមួយពួកយៀកមិញ ទ្រង់ក៏បានបង្កើត ក្រុមឥស្សរៈឯករាជ្យ មួយក្រុម ប្រតិបត្តិការនៅខាងត្បូង ខេត្តបាត់ដំបង ។ ដំណាលព្រម ពេលជាមួយគ្នាមេដទៃទៀត ដូចជា លាវ កែវមុនី និង កៅ តក់ បានរួមធ្វើសហការគ្នា នៅ ខាងជើងខេត្ត បាត់ដំបង និង សៀមរាប ។ ក្រុម ទ្រង់ ចន្ទ រង្សី បានធ្វើសកម្មភាពរហូតដល់ ខេត្តកំពង់ស្ពឺ ម្តុំតំបន់ រលាក់កងជើង, កន្ទេល, ឫស្សីជ្រុំ, ស្រីស្រី, វាលវែង ។ ក្រុមនេះ មានគំរោងបញ្ជូនមនុស្ស 30 នាក់ មានមេ ដូចជា ហែម សាវាង, ហ៊ឹម ខាន់, ចន្ទ តោ ត្រេស, សុក សែង, រឿង មុនី, ទៅត្បូងឃ្មុំ ខេត្តកំពង់ចាម ដើម្បីបំផ្លិចបំផ្លាញសេដ្ឋកិច្ច ។ ប៉ុន្តែ ក្រុមនេះ មិនអាចធ្វើសកម្មភាពបានឡើយ ដោយសារកងទ័ពជើងទឹកបារាំង យាម-កាមតាមដងទន្លេសាប តឹងរ៉ឹងពេក មិនឲ្យពួកនេះ ឆ្លងមកត្រើយខាងកើតបឹងទន្លេសាបបាន ឡើយ។ ចលនាខ្មែរឥស្សរៈ បានពង្រឹងជំហរមួយកម្រិតទៀត នៅថ្ងៃទី 9វិច្ឆិកា 1952ដោយ លោក សឺង ង៉ុកថាញ់ រត់ចូលព្រៃម្តងទៀត ក្នុងគោលបំណងបង្រួបបង្រួមចលនា ខ្មែរឥស្សរៈទាំងអស់ ។ អ្វីដែលជំរុញគាត់ឲ្យធ្វើដូចនេះ គឺដោយសារគាត់យល់ឃើញពី គ្រោះថ្នាក់ ដែលបង្កពីការលូកដៃចូល របស់ពួកយៀកមិញ ទៅក្នុងចលនាខ្មែរឥស្សរៈ ។ ក្រោយពេលដែល លោក អ៊ីវ យ៉ាង មនុស្សជំនិត លោក ថាញ់ បានតាំងមូលដ្ឋានបានល្អ នៅ សៀមរាប និង ភ្នំដងរែក រួចហើយ លោក ថាញ់ ក៏បានទៅស្នាក់នៅជាមួយក្រុម កែវ តក់ ។ នៅទីនោះ មានបុគ្គលសំខាន់ៗដ៏ទៃទៀត ដូចជា គិរី ចិន្តា, កែវ យឿន, អៀ ស៊ីចូវ, ឡឹក សំអឿន, ផ្កាយព្រឹក និង គាំ រេត ។ ក្នុងន័យនេះហើយ លោក ថាញ់ បានបញ្ជូន លោក អៀវ ស៊ីចូវ ទៅចូលរួមក្នុងក្រុម ទ្រង់ ចន្ទ រង្សី ។ លោក អៀវ ស៊ីចូវ បានបង្កើត សាលានយោបាយ និង សាលាទាហាន ដែលមានរូបលោកផ្ទាល់ ជាគ្រូបង្ហាត់នយោបាយនិង ជប៉ុន TADAKUMA ជាគ្រូបង្ហាត់យុទ្ធសាស្រ្តទ័ព ។ ក្រុមខ្មែរឥស្សរៈ ទ្រង់ ចន្ទ វង្សី បាន ពង្រីកឥទ្ធិពល និង ឈរជើង នៅខេត្តកំពង់ស្ពឺ នៅទីនោះ ក្រុមទ្រង់បានជួបប្រទះប្រយុទ្ធ ជាមួយក្រុមឥស្សរៈចល័ត ពុត ឆាយ ។ ក្រុម ពុត ឆាយ ជាក្រុមចោរប្លន់ មានគំរោងធ្វើភត ទ្រង់ ចន្ទ រង្សី ដោយបានបញ្ជូនមនុស្សប្រមាណ 30នាក់ ដឹកនាំដោយអា “ជាប់” ។ អាស៊ាប បានត្រូវ ទ្រង់ ចន្ទ រង្សី បញ្ជូនទៅប្រយុទ្ធជាមួយពួកយៀកមិញ នៅខេត្តកោះកុង មានថ្វីដៃគួរឲ្យទ្រង់ទុកចិត្ត តែទីបំផុត គំរោងធ្វើគតនេះ បានដឹងទាន់ ទ្រង់ក៏បានចាត់វិធាន ការ ឲ្យកំចាត់ អាស៊ាប ។ ក្នុងពេល អាស៊ាប និង ប្រពន្ធយួន ត្រូវទាហាន ទ្រង់ ចន្ទ រង្សី ព័ន្ធបាញ់ អាស៊ាប រត់រួច និង់ ប្រពន្ធយួន ។ នៅឆ្នាំ 1949 ទំនាក់ទំនងរបស់ទ្រង់ ជាមួយ យៀកមិញ ក៏មិនបានល្អដែរ ដោយមានមួយរយៈ ទ្រង់ត្រូវពួកយៀកមិញចាប់ដាក់គុក ហើយទ្រង់អាចរត់ចេញពីគុកបាន ដោយសារឆ្មាំយួនម្នាក់ បណ្តោះឲ្យទ្រង់រត់រួច ។

 

កំឡុងពេល ឆ្នាំ 1951សាលានយោបាយ ជំនាន់ទី 1មានគ្នា 800នាក់ បានត្រូវ ទ្រង់ ចន្ទ រង្សី បញ្ជូនទៅសមរភូមិ ខេត្តកោះកុង ជាសមរភូមិយួនយៀកមិញ ។

 

ដោយមានគម្រោងធ្វើសន្និសីទក្រុងហ្សឺណែវ ស្តេច សីហនុ ត្រូវការឲ្យមានការរួបរួមជាតិ ជាមួយក្រុមខ្មែរឥស្សរៈ ។ ក្រុម ដាប ឈួន បានចុះចូល នៅថ្ងៃទី 1ខែតុលា ឆ្នាំ 1949ក្រុម ចន្ទ រង្សី បានចុះចូលមករាជរដ្ឋាភិបាល នៅថ្ងៃទី 20 ខែកុម្ភៈ 1954នៅបន្ទាយ ច្បារមន ខេត្តកំពង់ស្ពឺ ។ ទ្រង់ នរោត្តម ចន្ទ រង្សី បានទទួលឋានន្តរសក្តិជា វរសេនីយត្រី, លោក ហ៊ឹម ទាន់, លោក ចន្ទ គោត្រេស បានទទួលឋានន្តរសក្តិជា អនុសេនីយឯក (សក្តិ 3); លោក សុខ សេង, លោក រឿង មុនី បានឋានន្តរសក្តិជា អនុសេនីយទោ, លោក នី វ៉ាន់ធី បានឋានន្តរសក្តិជា អនុសេនីយត្រី (សក្តិ 1) ។

 

មេខ្មែរឥស្សរៈចុះចូលមករាជរដ្ឋាភិបាលខ្មែរ បានទៅចូលរួមសន្និសិទហ្សឺណែវ ៖

 

ដាប ឈួន, នរោត្តម ចន្ទ រង្សី, សាវ៉ាង វង្ស, ពុត ឆាយ ។ ចលនាខ្មែរឥស្សរៈ កុម្មុយនិស្តយួន គាំទ្រដោយ ជាំ វ៉ាន់ដុង ដែលមាន សឺង ង៉ុកមិញ ជាមេ និង ស៊ីវ ហេង, ទូ សាមុត, លាវ កែវមុនី, ម៉ី ផូ ។ ប្រតិភូខ្មែរយៀកមិញ បានទៅហ្សឺណែវ តែមិនបានចូលរួម

 

មាន 2 នាក់ ៖ កែវ មុនី និង ម៉ីផូ ។ ពេលដែលត្រឡប់មកពី ហ្សឺណែវ វិញ ទ្រង់ ចន្ទ រង្សី បានត្រូវចាប់ខ្លួន នៅពោធិជិន-កុង ពីបទ “រួមគំនិតក្បត់ទៅ ព្រះរាជបល្ល័ង្ក និង ត្រូវបានយកទៅដាក់ពន្ធនាគារ ។ ពេលដែលរួចពីពន្ធនាគារវិញ ទ្រង់ ចន្ទ រង្សី បានលាលែងពីទាហាន មកជាជីវភាពស៊ីវិល

 

ធ្វើជំនួញ ចិញ្ចឹមជ្រូក ជាមួយអតីតខ្មែរឥស្សរៈ ។ នៅឆ្នាំ 1969 សម្តេច សីហនុ បានអនុញ្ញាតជាផ្លូវការឲ្យបើក កាស៊ីណូ នៅភ្នំពេញ ទ្រង់ ចន្ទ រង្សី ដោយប្រើឈ្មោះអ្នកដទៃ ក៏បានរកស៊ីលើរបរនេះ បានប្រាក់មិនតិចដែរ ។ នៅពេលព្រឹត្តការណ៍ ឆ្នាំ 1970 ទ្រង់ ចន្ទ រង្សី បានត្រូវ រដ្ឋាភិបាល លន់ នល់ អនុញ្ញាតឲ្យជ្រើសរើសទាហាន ក្នុងនោះ មានតាំង អតីតខ្មែរឥស្សរៈ បង្កើតទ័ពនៅក្នុង កងវរសេនាតូច ដែលទ្រង់មានឋានន្តរសក្តិជា សេនីយទោ ។ ទ្រង់ ចន្ទ រង្សី ជាក្សត្រវៃឆ្លាត បានប្រមូលអ្នកកាសែត អ្នកសិល្បៈ នៅជុំវិញ ទ្រង់។ នៅឆ្នាំ១៩៧២ ទ្រង់បានទទួលឋានន្តរសក្តិជា ឧត្តមសេនីយត្រី នៃ កងពលថ្មើរជើង ទី 13និង ជា អភិបាលខេត្តកំពង់ស្ពឺ នៅឆ្នាំដដែលនោះ ។ ពេលដែលខ្មែរក្រហមយក អំណាចបាន ឆ្នាំ 1975 ទ្រង់ ចន្ទ រង្សី មិនបានទម្លាក់អាវុធចុះចូលឡើយ ទ្រង់បាននាំ កូនទាហាន និង រថក្រោះ ចូលព្រៃ ។ បើតាមសាក្សី ក្រុមទ្រង់ បានអស់ស្បៀងអាហារ ឬ ក៏ត្រូវខ្មែរក្រហម ចាប់បាន នៅម្តុំគិរីរម្យ នៅឆ្នាំ ១៩៧៦ ។ ទ្រង់ ចន្ទ រង្សី បានប្រាប់ទៅ ខ្មែរក្រហមថា ទ្រង់ ជា ឪពុកមា សម្តេច សីហនុ តែខ្មែរក្រហមគ្មានអត់នុនឡើយ ។ សូមអានបន្ថែម កាលប្រវត្តិវិជ្ជា 1835-2012។

 

 

លោក រស់ ចន្ត្រាបុត្រ អ្នកនិពន្ធ អ្នកកាសែត ជាសហការីមួយ របស់ ទ្រង់ ចន្ទ រង្សី បានឲ្យដឹង ថា បុព្វហេតុគឺ “ការច្រណែនស្នេហា ដណ្ដើមប្រពន្ធ” ។ មហេសី ស្តេច សីហនុ ឈ្មោះ មុនីកេសនា ហៅ ម្ចាស់ដួង ជាមាតា ណារ៉ាធិប៉ូ បានទីវង្គតទៅ ដោយនឹង ស្ដេច សីហនុ មាន ប្រពន្ធច្រើន ។ ស្តេច សីហនុ បានស្នេហា ក្សត្រី ឈ្មោះ វិរពង្ស ហៅ ម្ចាស់ដេង ជាប្អូន ម្ចាស់ដូង និង ជាគូដណ្តឹង ទ្រង់ ចន្ទ រង្សី តែស្នេហានេះ មិនបានសម្រេចឡើយ ដោយ ម្ចាស់ថេង មានភក្ដីភាពជានិច្ចទៅ ទ្រង់ ចន្ទ រង្សី ។ នៅពេលរួចពីពន្ធនាគារ ទ្រង់ ចន្ទ ប្រើ បានរៀបអាពាហ៍ពិពាហ៍ ជាមួយ ម្ចាស់ផេង ។ គូស្វាមីនេះ គ្មាន បុត្រា-បុត្រី ឡើយ បានសុំ កូន ស្រីម្នាក់-ប្រុសម្នាក់ ធ្វើជាកូនចិញ្ចឹម ។ គឺក្នុងពេលជាប់ពន្ធនាគារ ដែល ទ្រង់ ចន្ទវង្សី បាននិពន្ធរឿងប្រលោមលោក ដោយដាក់ឈ្មោះអ្នកនិពន្ធថា ចន្ទក្រឹស្នា ឬ សជាលី ។ ប្រលោមលោកនោះគឺ ចៅក្រឹស្នា - ស្នេហាពិត ត្រូវចេះលះបង់ (362 ទំព័រ, 1956) ស្នេហាផ្សងព្រេង (81ទំព័រ, 1951), ស្អប់ជំពប់លើ (163 ទំព័រ, 1956) ។

Categories

Author48Biography44Event1News1Self-Help

Related

Image's blog

ញឹក ប៊ុនឆៃ

Image's blog

ញឹក ជូឡុង

Image's blog

នរោត្តម ចន្ទរង្សី

Image's blog

នរោត្តមសីហនុ

Image's blog

នរោត្តម សុរាម្រិត

Image's blog

នរោត្តម យុគន្ធរ

Image's blog

នរោត្តម

Image's blog

ឡុងសៀម

Image's blog

ឃឹម ទិត

Image's blog

កឹម សុខា

Image's blog

កាំង ហ្គិចរវាវ ហៅ ឌុច

Image's blog

អៀវ កើស

Logo Image

សៀវភៅបញ្ញវន្ត

Scholar Book

  • Books
  • Kid Books
  • News
  • Contact
  • About