Logo Image

សៀវភៅបញ្ញវន្ត

Scholar Book

  • Books
  • Kid Books
  • News
  • Contact
  • About

Information

#35BE1, St 298, Phnom Penh, Cambodia

Tel: 098 868 442 / 077 98 88 26
Telegram contact: t.me/ScholarBookCam

Mon - Sat: 8 am - 5 pm, Sunday: CLOSED

Menu

  • Books
  • News
  • Contact
  • About
  • Install App

Social Media

    YoutubeYoutubeScholar BookScholar BookScholar Book Scholar Book

By : Alphalib|© 2024 - All Rights Reserved

ឡុងសៀម

August 17, 2025
349
Image's ឡុងសៀម

ឡុង សៀម

 

 

 

កើត ឆ្នាំ 1935នៅ ភូមិទឹកថ្លា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ កុមារ ឡុង សៀម រៀននៅ សាលាបឋមសិក្សា នៅស្រុកកំណើត ។ បន្ទាប់ពីបានបញ្ចប់ វិញ្ញាបនប័ត្រ បឋម សិក្សា ដោយយុវជន ឡុង សៀម មានអាយុច្រើន ក៏ប្រឡងចូលរៀន គរុវិទ្យាល័យបម្រុង និង បម្រើការក្នុងក្រសួងអប់រំជាតិ នៅទីក្រុងភ្នំពេញ។ យុវជន ឡុង សៀម បានសិក្សានៅ គរុវិទ្យាល័យនេះ អស់រយៈពេល 4ឆ្នាំ បានប្រឡងជាប់ សញ្ញាប័ត្រ មធ្យមសិក្សា បឋម ភូមិ ហើយបានប្រឡងជាប់ចូលរៀននៅ សាលា គរុវិជ្ជា ។ យុវជន ឡុង សៀម ចេញពី សាលានេះ បានទទួលតំណែងជា គ្របង្រៀន បឋមសិក្សា ទៅធ្វើការនៅខេត្តក្រៅអស់រយ ពេល ៣ ឆ្នាំ បានប្រឡងជាប់ចូលរៀនជា និស្សិតសាស្ត្រាចារ្យ មធ្យមសិក្សា នៅ វិទ្យាស្ថាន ជាតិ គរុកោសល្យ នៅទីក្រុងភ្នំពេញ ។ លោកបំពេញការសិក្សានៅ វិទ្យាស្ថាននេះ អស់ រយៈ 2ឆ្នាំ លោកបានទទួលតំណែងជា សាស្ត្រាចារ្យ មធ្យមសិក្សាបឋមភូមិ ក្នុងឯកទេស ភាសាអក្សរសាស្ត្រខ្មែរ ហើយលោកបានទៅបង្រៀននៅ វិទ្យាល័យ ខេត្តកំពង់ធំ ដែលជា ខេត្តដែលធ្លាប់រស់នៅពីកុមារភាព ។ ស្របនឹងកិច្ចការជា សាស្ត្រាចារ្យ ភាសាខ្មែរ លោក បានរៀនបន្តនៅ មហាវិទ្យាល័យ អក្សរសាស្ត្រ និង មនុស្សសាស្ត្រ ភ្នំពេញ ដើម្បីប្រឡង យក បរិញ្ញាប័ត្រ អក្សរសាស្ត្រខ្មែរ ។

 

នាឆ្នាំ 1965 សាស្ត្រាចារ្យ ឡុង សៀម បានទទួលការតែងតាំងពី រាជរដ្ឋាភិបាល ជំនាន់នោះ ជា សាស្ត្រាចារ្យ ភាសាខ្មែរ នៅ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ ក្រុងមូស្គូ ហើយលោកឆ្លៀតពេលនោះ សិក្សាពី ភាសាវិទ្យា ជាមួយអ្នកប្រាជ្ញសូវៀត ជាពិសេស ពិ សាស្ត្រាចារ្យបណ្ឌិត រ.ស. ឆ្នាំ និង សាស្ត្រាចារ្យបណ្ឌិត ហ្គ័រហ្គោ ញីយ៉េហ្វ ជាដើម ។ លោកបានបញ្ចប់ និក្ខេបបទ ថ្នាក់បណ្ឌិត នៅវិទ្យាស្ថានសិក្សាបូព៌ា ក្នុងបណ្ឌិតសភាវិទ្យា សាស្ត្រ ក្រុងមូស្គូ នាឆ្នាំ 1971។ ប្រធានបទថ្នាក់បណ្ឌិតមានចំណងជើងថា "ល្បងសិក្សា វចនវិទ្យា ក្នុងភាសាខ្មែរ” ហើយលោកបានបោះពុម្ពជាភាសារុស្ស៊ី នាឆ្នាំ 1976 (មាន 141ទំព័រ) ។ បន្ទាប់មក លោកបានធ្វើជា សាស្ត្រាចារ្យជំនួយ លោក សាស្ត្រាចារ្យបណ្ឌិត យ.អ.ហ្គ័រហ្គោ ញីយ៉េហ្វ ដោយជួយធ្វើ វចនានុក្រម ខ្មែរ-រុស្ស៊ី រហូតដល់សាស្ត្រាចារ្យនេះ បាត់បង់ជីវិត លោកបានបំពេញកិច្ចការជំនួស ក្នុងការបង្រៀនភាសាខ្មែរ នៅវិទ្យាស្ថាននោះ។ សាស្ត្រាចារ្យ ឡុង សៀម បានសហការជាមួយ សាស្ត្រាចារ្យ ស.ថ្នាំ បោះពុម្ពផ្សាយនូវ វចនានុក្រមសង្ខេប រុស្ស៊ី-ខ្មែរ នៅឆ្នាំ 1987 (709 ទំព័រ) ។ បន្ទាប់ពីប្រទេសកម្ពុជាធ្លាក់ក្នុងកណ្តាប់ដៃខ្មែរក្រហម នាឆ្នាំ 1975 លោកក៏សុំសញ្ជាតិជាសូវៀត ហើយលោក បានទទួលតំណែងជា សហការីវិទ្យាសាស្ត្រ នៅវិទ្យាស្ថាន សិក្សាបូព៌ា ក្នុងបណ្ឌិតសភា វិទ្យាសាស្ត្រ ក្រុងមូហ្គូ ។ លោក ឡុង សៀម បានចុះឈ្មោះនៅ សាកលវិទ្យាល័យ សួរបាន រៀបចំ និក្ខេបបទ ថ្នាក់បណ្ឌិតរដ្ឋ ក្រោមការដឹកនាំ លោកសាស្ត្រាចារ្យបណ្ឌិត ស្ទង់ដែលវែរ ក្នុងប្រធានបទ ពីការស្រាវជ្រាវ វចនខ្មែរបុរាណលើសិលាចារិក នៅកម្ពុជា នាសតវត្សទី 6ផ្ទាល់ 11 ។

 

បន្ទាប់ពីបែកធ្លាយពីកម្ពុជាជាច្រើនឆ្នាំមក លោកបានត្រឡប់ទៅស្រុកកំណើតវិញ ជាមួយគណ:ប្រតិភូសូវៀត នៅឆ្នាំ 1982 ក្នុងបេសកកម្មវាយតម្លៃលើស្ថានការណ៍នៅ កម្ពុជា ក្រោយរដ្ឋអំណាចកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម ។ ក្រោយសិទ្ធិសញ្ញាក្រុងប៉ារីស នា ខែមករា 1993លោក ឡុង សៀម ត្រឡប់មករស់នៅជាអចិន្ត្រៃយ៍ នៅភ្នំពេញ ហើយលោកបានស្ថាបនាឡើងវិញ នូវការសិក្សាស្រាវជ្រាវលើសិលាចារឹកប្រទេសកម្ពុជា ទាំងមូល ដោយក្នុងកម្មវិធី តុកតិន គឺជាកម្មវិធីអង្គការសហប្រជាជាតិ ដើម្បីផ្ទេរចំណេះដឹង ដល់ខ្មែរយើង ។ នាឆ្នាំ 1994បានទទួលការតែងតាំងជា ទីប្រឹក្សាជំនាញ ក្នុងរាជ រដ្ឋាភិបាល ជាហេតុនាំឲ្យលោកអាចបង្កើត វិទ្យាស្ថាន ភាសាជាតិ ។ លោកបានបង្រៀន ភាសា និង សិលាចារឹកខ្មែរបុរាណ នៅ មហាវិទ្យាល័យ បុរាណវិទ្យា និង សកលវិទ្យាល័យ ភូមិន្ទភ្នំពេញ ជាហេតុនាំឲ្យលោកបានបង្ហាត់បង្រៀននិស្សិតជាច្រើននាក់ ដោយលោកបាន ផ្ទេរចំណេះដឹង និង ចំណង់ចូលចិត្តលើការសិក្សានេះ ទៅសិស្សគណ ដែលក្រោយមក បានក្លាយខ្លួនទៅជា សាស្ត្រាចារ្យ នូវមុខវិជ្ជានេះ ។ បន្ទាប់លោកបានទទួលការតែងតាំងជា បណ្ឌិតសភាចារ្យ ហើយនិង បានទទួលតំណែងជា អនុប្រធាន រាជបណ្ឌិតសភាកម្ពុជា មានឋានៈស្មើនឹង រដ្ឋលេខាធិការ ។

 

លោក ឡុង សៀម រៀបអាពាហ៍ពិពាហ៍ជាមួយ អ្នកគ្រូ ឃ្លាំង សៅថន ជាសហការី នៅ ក្រសួង សិក្សាធិការជាតិ ។ អ្នកស្រី បានបាត់បង់ជីវិតក្នុងសម័យខ្មែរក្រហម រវាងឆ្នាំ 1975-1979 ជាមួយបុត្រីទោល ។ លោក ឡុង សៀម បានរៀបការជាលើកទី 2 ជាមួយជនជាតិសូវៀត ក្តារ៉ា ជា វេជ្ជបណ្ឌិតនាយក នៅមន្ទីរពេទ្យក្រុងមូស្គូ ហើយ វេជ្ជ បណ្ឌិត នេះ បានទទួលអនិច្ចកម្មដោយរោគាពាធ នៅឆ្នាំ 2004 ។ ក្នុងជីវិតចុងក្រោយ លោក ឡុង សៀម បានរស់នៅជាមួយ អ្នកស្រី វណ្ណា ជាភរិយាទី 3 រហូតដល់ផុតជីវិត នា

 

ថ្ងៃទី 15 កក្កដា 2007 ដោយរោគាពាធ ។ សាស្ត្រាចារ្យ ឡុង សៀម គឺជាអ្នកប្រាជ្ញដ៏សំខាន់មួយរូប ដែលមានកិត្តិនាមល្បីល្បាញជាលក្ខណៈអន្តរជាតិ ក្នុងសហគមអ្នកស្រាវជ្រាវវិទ្យាសាស្ត្រ ផ្នែកសិលាចារឹក ប្រទេស កម្ពុជា ។ លោកចេះភាសាច្រើន ជាពិសេស ភាសារុស្ស៊ី និង ភាសាបារាំង ។ មិត្តភក្តិនានា តែងមានអនុស្សាវរីយ៍ពីលោក ដែលជាមនុស្សមាន មាឌមាំ, កិរិយានឹងន, ស្ងៀមស្ងាត់ ហើយ លោកញញឹមជានិច្ច រមែងឆ្លើយនឹងសំនួរនានារបស់ និស្សិត និង អ្នកសិក្សាស្រាវ ជ្រាវក្នុងវិស័យឯកទេសលោក ។

 

លោកបានទុកស្នាដៃជាច្រើនជា ភាសារុស្ស៊ី, ភាសាបារាំង, ភាសាអង់គ្លេស និង ភាសាខ្មែរ ។ ស្នាដៃសំខាន់ជាងគេគឺ វចនានុក្រមខ្មែរបុរាណ (តាមសិលាចារិកបុរេអង្គរ សតវត្សទី 6-8) បោះពុម្ពដោយ រោងពុម្ពភ្នំពេញ, 2000, 650 ទំព័រ ។ វចនានុក្រមខ្មែរ បុរាណ នេះ បានសិក្សាស្រាវជ្រាវអស់រយៈពេលជាង 20 ឆ្នាំ ។ ការរលត់ជីវិតរបស់លោក នេះ បានទុកកិច្ចការមួយចំនួន នៅមិនទាន់បញ្ចប់នៅឡើយ ស្ថិតនៅ បណ្ណាល័យ ផ្ទាល់ គ្រួសារ លោក ហើយយើងសង្ឃឹមថា និងមាន សិស្សគណលោក នឹងសិក្សាបន្តទៅទៀត មិនខាន ។ ស្នាដៃសំខាន់ 2 ទៀត ដែលលោកមិនទាន់បោះពុម្ពផ្សាយគឺ : វចនានុក្រមខ្មែរ បុរាណ បារាំង-រុស្ស៊ី និង វចនានុក្រមភាសាខ្មែរ សម័យអង្គរ ។

Categories

Author48Biography44Event1News1Self-Help

Related

Image's blog

ញឹក ប៊ុនឆៃ

Image's blog

ញឹក ជូឡុង

Image's blog

នរោត្តម ចន្ទរង្សី

Image's blog

នរោត្តមសីហនុ

Image's blog

នរោត្តម សុរាម្រិត

Image's blog

នរោត្តម យុគន្ធរ

Image's blog

នរោត្តម

Image's blog

ឡុងសៀម

Image's blog

ឃឹម ទិត

Image's blog

កឹម សុខា

Image's blog

កាំង ហ្គិចរវាវ ហៅ ឌុច

Image's blog

អៀវ កើស