អ៊ុន តាំង

August 5, 2025
20
Image's អ៊ុន តាំង

អ៊ុន តាំ

លោក អ៊ុន គាំ កើតថ្ងៃទី 22 កញ្ញា 1922នៅ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្ត កំពង់ចាម ។ ពីឆ្នាំ 1928 ដល់ 1929 គាត់បានមករៀនភាសាបាលីនៅ វត្តស្ទឹងត្រង់ បន្ទាប់មកទៀត នៅ វិទ្យាល័យ ស៊ីសុវត្ថិ មុននឹងចូល សាលារដ្ឋបាលខ្មែរ នៅឆ្នាំ 1942។ នៅឆ្នាំ 1943 គាត់បានរៀបការជាមួយ នាង អ៊ុន តាត ។ នៅឆ្នាំដដែល ខែកក្កដា គាត់ បានចូលបម្រើ រដ្ឋបាលខ្មែរជាអ្នករាជការជាន់ទាប នៅខេត្ត ព្រៃវែង សៀមរាប កំពង់ចាម បន្ទាប់មក នៅតំបន់ខ្ពង់រាបខ្ពស់ ។ ពីឆ្នាំ 1953 ដល់ឆ្នាំ 1954 គាត់ជា អធិការប៉ូលីស ខេត្តកំពង់ឆ្នាំង ។ ពីឆ្នាំ ១៩៥៦ ដល់ឆ្នាំ 1958 គាត់ជា នាយកសាលាប៉ូលីសខេត្ត នៅ កំពង់ឆ្នាំង ។

ពីឆ្នាំ 1958 ដល់ឆ្នាំ 1964 គាត់ជា អភិបាល ខេត្តតាកែវ និង មានមុខតំណែងត្រួត ជា អគ្គបញ្ជាការ ក្រសួងការពារសន្តិសុខជាតិ និង នាយករាជបណ្ឌិតសភាប៉ូលីស ។

ពីថ្ងៃ 26 ធ្នូ 1964 ដល់ 24 តុលា 1966 គាត់ជា រដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ និង សាសនា ។

នៅឆ្នាំ 1966 គាត់បានជាប់ឆ្នោតជា តំណាងរាស្ត្រ មណ្ឌលក្រូចឆ្មារ ខេត្តកំពង់ចាម ។ នៅឆ្នាំ 1967 សម្តេច សីហនុ បានតែងតាំងគាត់ជា អភិបាលខេត្តបាត់ដំបង ទទួលភារៈ រក្សារបៀបរៀបរយឡើងវិញ នៅពេលមាន កុប្បកម្ម នៅសំឡូត ក្នុងរយៈពេល 1 ឆ្នាំ ដោយបានបោះបង់ជាបណ្តោះអាសន្ន តំណែងតំណាងរាស្ត្រ ។ ពីថ្ងៃទី 1 កុម្ភៈ 1968 ដល់ ថ្ងៃទី 12 កក្កដា 1968 គាត់ជា រដ្ឋមន្ត្រី ក្រសួងកសិកម្ម នៅក្នុងគណៈរដ្ឋមន្ត្រីរបស់លោក ប៉ែន នុត ។

នៅឆ្នាំ 1969 ដោយមានការរំជើបរំជួល បណ្តាលឲ្យបាត់ខ្លួនតំណាងរាស្ត្រ ហ៊ុយ នីម លោក អ៊ុន តាំ បានជាប់ឆ្នោតជា តំណាងរាស្ត្រ នៅជ្រៃវៀន ខេត្តកំពង់ចាម ជំនួស លោក ហ៊ុយ នឹម ។ នៅថ្ងៃ 26 កុម្ភៈ1970 គាត់ជា ប្រធានស្តីទី សភាជាតិ ។

ព្រឹត្តិការណ៍ឆ្នាំ 1970 ថ្ងៃទី 18 មីនា លោក អ៊ុន គាំ បានប្រើឥទ្ធិពលរបស់គាត់ ទៅ លើតំណាងរាស្ត្រដ៏ទៃទៀត ឲ្យបោះឆ្នោតទម្លាក់ សម្តេច សីហនុ ពីប្រមុខរដ្ឋ ។ ពេលនេះ គាត់បានឡើងឋានៈជា ប្រធានសភាជាតិ ។

ពីថ្ងៃទី 3 ខុសភា 1971 ដល់ថ្ងៃទី 12 មីនា 1972 គាត់ជា ឧបនាយករដ្ឋមន្ត្រីទី2 ទទួលបន្ទុក ក្រសួង មហាផ្ទៃ នៃ របបសាធារណរដ្ឋខ្មែរ ។

នៅពេលបោះឆ្នោតជ្រើសរើស ប្រធានាធិបតី សាធារណរដ្ឋខ្មែរ ថ្ងៃទី 4 មិថុនា 1972 បេក្ខជន អ៊ុន តាំ បានទទួល 24% នៅក្រោមបេក្ខជន លន់ នល់ (55%) មិនបានជាប់ជា ប្រធានាធិបតី ទេ ។ ប៉ុន្តែ លោក អ៊ិន តាំ ជាមន្ត្រីកំពូលក្នុងរបប សាធារណរដ្ឋ ៖ ពីថ្ងៃទី15 ខុសភា 1973 ដល់ថ្ងៃទី 7 ធ្នូ1973 ជា នាយករដ្ឋមន្ត្រី ទទួលភារៈ ក្រសួង មហា-ផ្ទៃ សាសនា និង កំណែនទូទៅ (តាំងពីថ្ងៃ 22 កញ្ញា 1973) ។

ចប់ ខែធ្នូ 1973 គាត់បានដកខ្លួនពីនយោបាយ មកធ្វើស្រែនៅ ប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ ។

ថ្ងៃទី 5 កុម្ភៈ1975 សម្តេច សីហនុ និង ក្រុមខ្មែរក្រហម បានផ្សាយបញ្ជី “ជនក្បត់-ជាតិ 7 នាក់” ដែលនឹងត្រូវផ្តន្ទាទោសដល់ជីវិត ៖ លន់ នល់, សិរិមតៈ, អ៊ុន តាំ, ចេង ហេង, សុស្កែន ហ្វែរណង់ដេស, លន់ ណុន, ឡុង បូរ៉េត ។ ថ្ងៃទី 17 មេសា 1975 ពេលដែលខ្មែរក្រហមយកភ្នំពេញបាន លោក អ៊ុន តាំ បានភៀសខ្លួនមកស្រុកសៀម ។ នៅទីនោះ គាត់បានបង្កើតទ័ពព្រៃ ប្រឆាំងទៅរបបខ្មែរក្រហម ពេលបន្ទាប់មក សៀមក៏ បានបណ្ដេញគាត់ ឲ្យចាកចេញពីស្រុកសៀម នៅថ្ងៃទី 22 ធ្នូ 1975 ។

គាត់បានភៀសខ្លួនមកនៅស្រុកបារាំង ។ នៅឆ្នាំ 1976 ជាមួយ លោក សឺន សាន អតីត នាយករដ្ឋមន្ត្រី លោក អ៊ុន តាំ បានបង្កើត “សមាគមទូទៅ ខ្មែរនៅបរទេស” (AGKE) សម្រាប់ គាំទ្រ និង ផ្តល់ហិរញ្ញវត្ថុដល់ ក្រុមទាហាន សាធារណរដ្ឋខ្មែរ ដើម្បីប្រឆាំងទៅ របបខ្មែរក្រហម ប៉ុល ពត ។ នៅថ្ងៃទី 4 តុលា 1976 គាត់ក៏បានទៅជួបជុំគ្រួសារនៅ ស្រុកអាមេរិក ។

នៅខែកញ្ញា ១៩៧៩ បន្ទាប់ពីខ្មែរក្រហមធ្លាក់រួច លោក អ៊ុន តាំ បានតែងតាំងជា អគ្គ លេខាធិការបណ្តោះអាសន្ន របស់ សហព័ន្ធខ្មែរជាតិនិយម ដែលមាន សម្តេច សីហនុ ជា ប្រធាន ។

នៅឆ្នាំ 1981 លោក អ៊ុន គាំ ជា អនុប្រធានទី 2 នៃ ហ៊្វុនស៊ិនប៉ិក អនុប្រធានទី 1 ឧត្តសេនីយ ញឹក ជូឡុង ប្រធាន នរោត្តម សីហនុ ។ លោក អ៊ុន តាំ ជាមេបញ្ជាការទ័ព សីហនុនិយម ។ ដោយមានការប្រទូស្តរាយបែកបាក់គ្នាក្នុងជួរ ហ៊្វុនស៊ិនប៉ិក លោក អ៊ុន តាំ បានសុំលាឈប់ពីតំណែង នៅថ្ងៃទី 31 ធ្នូ 1983។ គាត់បានវិលត្រឡប់ទៅស្រុកអាមេ រិកវិញ ។ នៅទីនោះ គាត់បានបង្កើត សមាគមមនុស្សធម៌ “ខ្មែរអមតៈ” ។ ក្នុងឋានៈជា ប្រធាន នៃ សមាគមនេះ លោក អ៊ុន គាំ បានត្រូវ រដ្ឋាភិបាល លោក ហ៊ុន សែន អញ្ជើញ ទៅភ្នំពេញ នៅ ខែមករា 1989 ។ ដោយសារទំនាក់ទំនងរបស់គាត់ជាមួយ រដ្ឋាភិបាលភ្នំពេញ លោក អ៊ុន គាំ បានក្លាយជា ទីប្រឹក្សារដ្ឋាភិបាល និង បានចូលរួមធ្វើកិច្ចការផ្សេងៗ ដើម្បីរៀបចំ រដ្ឋធម្មនុញ្ញថ្មី ។

បន្ទាប់ពីមានដំណោះស្រាយនយោបាយនៅប៉ារីស ឆ្នាំ 1991 និង មានការបោះឆ្នោត សកល ក្រោមការត្រួតពិនិត្យរបស់ អ.ស.ប. ឆ្នាំ 1993 លោក អ៊ុន តាំ បានបង្កើត “គណៈបក្សប្រជាធិបតេយ្យ” និង ឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រ នៅមណ្ឌលកំពង់ ចាម ស្រុកកំណើតរបស់គាត់ ។ តែ គណបក្សនេះ គ្មានបានអាសនៈ នៅសភាទេ ។

បន្ទាប់ពីបរាជ័យដ៏ជូរចត់នេះមក គាត់ក៏បានដកខ្លួនពីនយោបាយ ហើយបានវិលត្រឡប់ មករស់នៅស្រុកអាមេរិកវិញ ។ គាត់បានទទួលអនិច្ចកម្មនៅ ថ្ងៃទី 1 មេសា ឆ្នាំ 2006 ក្នុងអាយុ ៨៤ ឆ្នាំ នៅ CHANDLER រដ្ឋ ARIZONA ។