ហួ តុងលឹប

August 5, 2025
18
Image's ហួ តុងលឹប

ហួ តុងលឹប 

លោក ហូ តុងលឹប កើតនៅឆ្នាំ 1920 នៅពន្លៃ ខេត្តបាត់ដំបង ។ គាត់ជាកូនទី 2 (កូនទី 1 លោក ហូ តុងហូ) របស់ លោក ហួ ប៊ុន ដុស និង អ្នកស្រី ថាប់ ប្រាង ។ គាត់បានធ្វើការសិក្សានៅស្រុក បារាំង ពីឆ្នាំ 1946 ដល់ឆ្នាំ 1952 ដោយបានទទួល សញ្ញាប័ត្រ វិស្វករក្សេត្រវិទូ និង បរិញ្ញាប័ត្រវិទ្យាសាស្ត្រ នៅ មហាវិទ្យាល័យ វិទ្យាសាស្ត្រ នៅណង់ស៊ី ។ គាត់បានវិលត្រឡប់មកស្រុកខ្មែរវិញ នៅឆ្នាំ 1952 និង បាន ចូលធ្វើការនៅ ក្រសួងកសិកម្ម ជាវិស្វករ ជាប់ក្នុងតំណែង (INGENIEUR TITULAIRE) ។ គាត់ជាសាស្ត្រាចារ្យដ៏ល្បី បង្រៀននៅ សាកលវិទ្យាល័យ ភូមិន្ទក្សេត្រវិទ្យា និង មហា វិទ្យាល័យ វិទ្យាសាស្ត្រភ្នំពេញ មុខវិជ្ជា គឺ បង្រៀនវិញ្ញាបនប័ត្រភូតគាមសាស្ត្រ (CERTIFI-CAT DE BOTANIQUE) ។ តាំងពីឆ្នាំ 1965 គាត់បានតែងតាំងជា វិស្វករថ្នាក់កំពូល តំណែងដែលគាត់រក្សាជាប់រហូតដល់ឆ្នាំ 1975 ពេលដែលខ្មែរក្រហម ចូលកាន់ក្តាប់ ភ្នំពេញ ។

លោក ហូ តុងលីប ជាអ្នកគាំទ្រព្រឹត្តិការណ៍ 18 មីនា 1970 ក្នុងពេលទម្លាក់ សម្តេច សីហនុ ពីតំណែងប្រមុខរដ្ឋ ដោយសភាទាំងពីរ ។ គាត់បានធ្វើចំណាប់អារម្មណ៍ ទៅលើ របបសង្គមរាស្ត្រនិយម របស់ សម្តេច សីហនុ ដែលពុំបានធ្វើការឲ្យបានដិតដល់ ការអភិវឌ្ឍន៍ជនបទ និង ពុំបានធ្វើការផ្សព្វផ្សាយដល់មហាជន ឲ្យធ្វើអភិវឌ្ឍន៍កសិកម្ម ។ នៅឆ្នាំ 1971 គាត់ជាអ្នកតំណាង ក្រសួងកសិកម្ម នៅក្នុងគណៈកម្មការទូលំទូលាយ សម្រាប់តាក់តែងរដ្ឋធម្មនុញ្ញ សាធារណរដ្ឋ ។ គាត់បានក្លាយជា ទីប្រឹក្សាពិសេស របស់ លោក សេនាប្រមុខ លន់ នល់ ។ បន្ទាប់ពីឆ្នាំ 1975 ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ បណ្ណាល័យឯកជនរបស់គាត់ បានក្លាយជាបណ្ណាល័យធនធានសម្រាប់ វិជ្ជាស្ថានបច្ចេក-ទេស ស្ថិតនៅក្រោមការដឹកនាំរបស់ លោក ជួន មុំ រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម ខ្មែរក្រ ហម ។ ពីឆ្នាំ 1975ដល់ឆ្នាំ 1978 លោក ហួ តុងលីប មានមុខងារទទួលតាមមើល បណ្តុះពូជស្រូវ ក្នុងទីពិសោធន៍កសិកម្មមួយ នៅជិតភ្នំពេញ ។ លោក ហួ តុងលីប បាន ទទួលអនិច្ចកម្មនៅឆ្នាំ 1978 ដោយជម្ងឺ ។

នៅសម័យសង្គម និស្សិតដែលបានសិក្សាជាមួយគាត់ សុទ្ធតែបានទទួលអត្ថបទថត ចម្លង ពីបញ្ជីឈ្មោះរុក្ខជាតិសំខាន់ៗ នៃ ស្រុកខ្មែរ ផ្សាយចេញពី នាយកដ្ឋានកសិកម្ម ភ្នំពេញ ថ្ងៃ 6 តុលា 

1966។ ពីឆ្នាំ 1960-1965 គាត់បានឧទ្ទិសពេលវេលាសម្រាប់ស្រាវ-ជ្រាវលើ “ការរកជី ដើម្បីប្រើទៅលើប្រភេទដីស្រែ នៅកម្ពុជា” ។ លោក ហួ តុងលីប ជា ក្សេត្រវិទូ ខ្មែរម្នាក់ ដ៏ល្បីឈ្មោះ ។