
ហែម បៀម
អាចារ្យ ហែម ចៀវ ជាកូនកសិករ នៅខេត្តកំពង់ស្ពឺ បាន ចូលបួសជា ព្រះសង្ឃ នៅអាយុ 12 ឆ្នាំ រហូតបានធ្វើជា សាស្ត្រាចារ្យ នៅ សាលាបាលីជាន់ខ្ពស់ ឆ្នាំ 1932 ។ ជា មហាថេរ មួយអង្គ យល់ឃើញប្រជារាស្ត្រខ្មែរ មានការ ជិះជាន់ពីអ្នកដទៃ មាន ចិន យួន បារាំង ជាដើម ។ ព្រះអង្គ បានទេសនារំឭកឲ្យខ្មែរសាមគ្គីគ្នា រើបំរះពីអ្នកជិះជាន់ទាំងនោះ រើពីនឹមអាណានិគមបារាំង ដែលជាហេតុធ្វើឲ្យបារាំងចាប់ផ្សឹក ចាប់នាំយកទៅដាក់គុកនៅកោះត្រឡាច ។ អាចារ្យ ហែម ចៀវ បានសុគតនៅលើកោះនេះ ក្នុងអាយុ 45ឆ្នាំ ។ លោកបានក្លាយជា វិរបុរសដ៏ឆ្នើម ខាងនយោបាយ រហូតមកដល់ សព្វថ្ងៃ ។
ជីវប្រវត្តិ
- អាចារ្យ ហែម ចៀវ ប្រសូត្រនៅឆ្នាំ 1898នៅ ភូមិអូរកូនទេញ (កោណ្ឌ័ញ្ញ) ឃុំ ដំបូកមានលក្សណ៍ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ (នៅខាងជើង ជិតស្ថានីយរថភ្លើងបាត់ដឹង) ។ ឪពុកឈ្មោះ ហែម ជាមេស្រុក ដំបូកមានលក្សណ៍ ម្តាយឈ្មោះ ទីវ ។ អាយុបាន 12 ឆ្នាំ ឪពុកបាននាំ កុមារ ហែម ចៀវ ទៅប្រគេនព្រះអង្ឃ សត្ថា ជួន ណាត វត្តឧណ្ណាលោម ក្រុង ភ្នំពេញ ដើម្បីរៀនសូត្រអក្សរសាស្ត្រ។ កុមារ ហែម ចៀវ តែងតែទៅតាមបម្រើស្តាប់ការ ន្មានធម៌ទេសនា ព្រះសត្ថា ជួន ណាត រហូតបាក់ចិត្តបួសធ្វើជា សាមណេរ ក្នុងអាយុ 16ឆ្នាំ ។ លុះបានអាយុ 20ឆ្នាំ សាមណេរ ហែម ចៀវ បានបំពេញឧបសម្បទាជា ភិក្ខុភាវៈ ក្នុងវត្តលង្កា ។ បានជា ភិក្ខុ ហើយ លោកក៏បានប្រឡងចូលរៀន សាលាបាលីជាន់ខ្ពស់ ។ ការសិក្សាចំនួន 7ឆ្នាំ ធ្វើឲ្យលោកចេះដឹង ផ្លូវលោក ផ្លូវធម៌អាចប្រើការបាន។ គម្រប់ឆ្នាំទី 7លោកបានប្រឡងជាប់យក សញ្ញាប័ត្រ ឌីប្លូម សាលាបាលីជាន់ខ្ពស់ ជាប់លេខ 6 ខាង ភាសាបាលី ។
នៅឆ្នាំ 1927 លោក រ៉េស្យូម ជាតិបារាំង ជារ៉េស៊ីដង់ ខេត្តកំពត ត្រូវការលោកសង្ឃ មួយអង្គ មាន សញ្ញាប័ត្រ សាលាបាលីជាន់ខ្ពស់ ទៅបង្រៀនអក្សរសាស្ត្រខ្មែរ នៅខេត្ត កំពត ។ ដោយមានការជួយជ្រោមជ្រែងពី ព្រះសត្ថា ជួន ណាត ភិក្ខុ ហែម ចៀវ បានទៅ បង្រៀននៅ វត្តកំពត មានមជ្ឈមណ្ឌលពីរ ៖ វត្តក្រាំងដួង ស្រុកបន្ទាយមាស និង វត្តកន្តោស្រុកកំពង់ត្រាច ។ ភិក្ខុ ហែម ចៀវ បានបង្រៀន 6ឆ្នាំ នៅខេត្តកំពត ទើបបានវិលត្រឡប់ មកភ្នំពេញវិញ នៅឆ្នាំ 1932រួចបានប្រឡងជាប់ជា សាស្ត្រាចារ្យ នៅ សាលាបាលីជាន់ ខ្ពស់ ក្នុងឆ្នាំនោះ ។
នៅឆ្នាំ 1936 បញ្ញាវ័ន្តខ្មែរបីរូបតី លោក សឺង ង៉ុកថាញ់, ប៉ាច ឈឺន, ស៊ឹម វ៉ា បាន បង្កើត កាសែតបញ្ចេញមតិ “នគរវត្ត” ។ លោក ប៉ាច ឈីន ជា ចាងហ្វាងនយោបាយ កាសែតនេះ ។ កាសែតនេះ ផ្សព្វផ្សាយគំនិតកំណែទម្រង់សង្គម ជួយ កសិករ អ្នកក្រីក្រ ប្រឆាំងទៅការធ្វើអាជីវកម្មពីសំណាក់ ចិន យួន មានគំនិតជា "ជាតិ-សង្គមនិយម” ។ លើសពីនេះ កាសែត “នគរវត្ត” បំផុសបំផុលគំនិតទាមទារ ឯករាជ្យ ពីបារាំង ។ នៅពេល នោះ កាសែតបានចេញផ្សាយ 500ច្បាប់ ម្តងៗ មាន អ្នកគាំទ្រ អ្នកអាន ទាំងគ្រហស្ថ ទាំងបុព្វជិត ។ ផ្នែកព្រះសង្ឃមាន អាចារ្យ ប៉ាង ខាត់, អាចារ្យ សួរ ហាយ, អាចារ្យ ខៀវ ជុំ ។ ព្រះសង្ឃ ហែម ចៀវ តែងតែទេសនាបញ្ចេញគំនិតបដិវត្តន៍ មានទាំងទៅទេសនានៅ បន្ទាយទាហានខ្មែរ ឲ្យភ្ញាក់រឭកទៀតផង ។ ចំពោះបារាំងវិញ ភិក្ខុ ហែម ចៀវ មានសង្ឃ ដីកាថា “ប្រទេសយើង មិនដឹងពេលណា រួចពីខ្ញុំបារាំងទេ ។ បារាំងមកត្រួតត្រាស្រុកយើង ហិនហោចទ្រព្យសម្បត្តិអស់... អាត្មាធ្វើបុណ្យរាល់ថ្ងៃ បួងសួងសុំឲ្យខ្មែរបាន ឯករាជ្យ មក វិញ ដើម្បីកុំឲ្យបរទេសជិះជាន់យើងតទៅទៀត” ។
នៅឆ្នាំ 1940 កងទ័ពជប៉ុន បានចូលមកដល់ឥណ្ឌូចិន ដើម្បីវាយកំចាត់សត្រូវរបស់ ខ្លួន គឺ បារាំង ។ នៅកម្ពុជា វត្តមានទ័ពជប៉ុន ជាបង្អែកមួយ សម្រាប់អ្នកប្រឆាំងបារាំង ។ លោក សឺង ង៉ុកថាញ់ តែងតែទៅបន្ទាយទ័ពជប៉ុន សុំការគាំទ្រពីជប៉ុន ។ ក្រុមបដិវត្តន៍ បានតស៊ូធ្វើសកម្មភាពរបស់ខ្លួនមមាញឹក ដើម្បីដើរឲ្យទាន់ស្ថានការណ៍សាកលលោកនៅ អឺរ៉ុប ជាពិសេស នៅឥណ្ឌូចិន ។ ភិក្ខុ ហែម ចៀវ បាននិមន្តទៅអប់រំខ្មែរស្រុកស្រែចំការជា ញឹកញយ ដើម្បីសុំការឧបត្ថម្ភពីប្រជារាស្ត្រគ្រប់មធ្យោបាយ ទាំងផ្លូវចិត្ត និង ផ្លូវសម្ភារៈ ។ នៅថ្ងៃ 17កក្កដា 1942មានចាងហ្វាងគិញបារាំងម្នាក់ និង លេខាធិការខ្មែរពីរនាក់ទៀត មានទាំងកាន់សំណុំលិខិតផង បានទៅជួប លោក អ៊ុង អី នាយករដ្ឋមន្ត្រី, លោក ទា សាន រដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ និង ធម្មការ, លោក ជុំ ម្តង (លេខាធិការ លោក ទា សាន) ។ លោក ទា សាន បានបញ្ជាទៅ លោក ជុំ ម្តង ឲ្យទៅនិមន្ត ភិក្ខុ ហែម ចៀវ ។ ពេលដែល ភិក្ខុ ហែម ចៀវ និមន្តមកដល់ លោក ទា សាន បានបង្គាប់ឲ្យ ផ្លាស់ស្បង់ចីពរ ពីខ្លួន ស្លៀកពាក់ខោអាវ រួចបារាំងនាំខ្លួនបាត់ទៅ ។ ក្នុងពេលជាមួយគ្នា លោក នួន ឌួង ជាសិស្ស ភិក្ខុ ហែម ចៀវ ធ្វើការក្រុមជំនុំព្រះត្រ័យបិដក ក៏ត្រូវគិញបារាំងចាប់នៅឯផ្ទះដែរ ។នៅថ្ងៃ 20 កក្កដា 1943គ្មាននៅរង់ចាំទេ ៣ ថ្ងៃក្រោយមក មានបាតុកម្មលើកទី 1 កើតមាននៅភ្នំពេញ ទាមទារឲ្យបារាំងដោះលែង អាចារ្យ ហែម ចៀវ, លោក នួន ឌួង ។ ក្នុងចំណោមមេដឹកនាំបាតុកម្មមាន លោក សឺង ង៉ុកថាញ់, ប៉ាច ឈឺន, បុណ្ណ ចាន់ម៉ុល, ជុំ ម្តង, ភិក្ខុ ប៉ាង ខាត់, អ៊ុក ជា, ខៀវ ជុំ.... រួមមានគ្នារាប់ពាន់នាក់ ដៃកាន់ដងបដា “យើង ខ្ញុំ សូមឲ្យដោះលែង លោកគ្រូអាចារ្យ ហែម ចៀវ និង លោក នួន ឌួង មកវិញ” ដើរសំដៅ ទៅ វិមានទេសាភិបាលបារាំង ។ បាតុកម្មនេះ បានក្លាយទៅជាការប្រយុទ្ធវាង បាតុករ ទៅពួកគាំទ្របារាំង ។ ខាងបាតុករ មានប្រើ ដុំថ្ម ដំបង បាញ់កូនតឹង ព្រះសង្ឃក៏បានបើក ឆ័ត្រការពារខ្លួនដែរ ។ ពេលកំពុងវាយប្រឡូកគ្នា ឬ បន្ទាប់ពីបាតុកម្ម មានបាតុករជាច្រើន ត្រូវបារាំងចាប់ មាន លោក ប៉ាច ឈីន, ប៊ុណ្ណ ចាន់ម៉ុល,...។ លោក សឺង ង៉ុកថាញ់ បាន គេចទៅបាងកក ភិក្ខុ អ៊ុក ជា, ខៀវ ជុំ បានគេចទៅសៀមដែរ (ភិក្ខុ អ៊ុក ជា គង់នៅស្រុក សៀមរហូតមក) ភិក្ខុ ប៉ាង ខាត់ គេចរួច ហើយក៏ប្រគល់ខ្លួនឲ្យបារាំងវិញ លោក ជុំ ម្តង គេចទៅបាត់ដំបង...។ ខ្មែរស្នេហាជាតិ ទាំងព្រះសង្ឃ ទាំងគ្រហស្ថ ដែលគេចាប់បាន គេ ដាក់ក្នុងទីឃុំឃាំង រួចបញ្ជូនទៅគុកធំភ្នំពេញ ទុកកាត់ទោស ។
ការកាត់ទោសប្រហារជីវិត
ជនជាប់ទោស ត្រូវបានបារាំងបញ្ជូនតាមកប៉ាល់ ពីគុកធំភ្នំពេញ ទៅគុកធិព្រៃនគរ ដើម្បីរង់ចាំការកាត់ទោស។ អ្នកទោសទាំងនោះមាន អាចារ្យ ហែម ចៀវ, នួន ឌួង, ប៉ាច ឈិន, ប៊ុណ្ណ ចាន់ម៉ុល ។ល។ លោក ប៊ុណ្ណ ចាន់ម៉ុល បានត្រូវទទួលទោសគុក 5 ឆ្នាំ និង និរទេសមិនឲ្យចូលស្រុក 15 ឆ្នាំ ទៀត ។ អាចារ្យ ហែម ចៀវី, នួន ឌួង, ប៉ាច ឈឺន ជា តំបូង ត្រូវទទួលទោសប្រហារជីវិត តែត្រូវ លោក សេនាប្រមុខ ប៉េតាំង ប្រមុខរដ្ឋាភិបាល បារាំង “អនុញ្ញាតឲ្យលោកទាំង ៣ រូប ជាប់គុកមួយជីវិត ដោយធ្វើការជាទម្ងន់ ។ នៅខែ មិថុនា ១៩៤៣ អ្នកទោសទាំងនោះ បានត្រូវបារាំងបញ្ជូនទៅគុកធំនៅ កោះត្រឡាច ។ កោះត្រឡាច មានវីសាលភាពធំធេង ស្ថិតក្នុងសមុទ្រចិន ប៉ែកខាងត្បូង មានផ្ទះរាប់រយខ្នង សង់តាមមាត់សមុទ្រ... ព្រៃព្រឹក្សាគ្របលើភ្នំ ដីមានជីជាតិ ។ គុកនេះ មានដាក់អ្នកទោស នយោបាយកម្រិតធ្ងន់ ខ្មែរ-យួន ខាងយួនមាន ជាំ វ៉ាន់ដុង និង ពួកឧក្រិដ្ឋជនដទៃទៀត ។ អាចារ្យ ហែម ចៀវ បានទទួលមរណៈក្នុងជន្មាយុ45 ឆ្នាំ នៅឆ្នាំ 1943 ។ 30 ឆ្នាំ ក្រោយ មក នៅក្នុងរបបសាធារណរដ្ឋខ្មែរ លោក ប៊ុណ្ណ ចាន់ម៉ុល ដែលរួចពីគុករស់រានមានជីវិត បាននាំ អដ្ឋិធាតុ អាចារ្យ ហែម ចៀវ ពីកោះត្រឡាច មកធ្វើបុណ្យនៅភ្នំពេញ ក្រោម អធិបតីភាព នៃ សម្តេចសង្ឃទាំងពីរគណៈ និង លោកប្រធានាធិបតី លន់ នល់ នៅថ្ងៃទី 4 កក្កដា 1972 ។ ធាតុនេះ តំកល់ទុកនៅ វត្តឧណ្ណាលោម ប្រកាសនីយប័ត្រ រដ្ឋបុរសជាតិ នៅថ្ងៃទី 20 កក្កដា 1972មានហត្ថលេខា សេនាប្រមុខ លន់ នល់ “ប្រជាជាតិខ្មែរ សូមតម្កល់ លោកគ្រូ ហែម ចៀវ ទុកជា រដ្ឋបុរសជាតិ និង ជាគំរូដ៏ឧត្តម សម្រាប់កុលបុត្រ ខ្មែរទូទៅ” ។