
ហ៊ែល សុំផា
កើតនៅថ្ងៃ 23មេសា 1922 នៅ ឃុំផ្សារក្រោម ស្រុក បាកាន ខេត្តពោធិ៍វាត់ ។ មាតា នាម សេង លិញ បីតា នាម ម៉ៅ ហែល ជាមន្ត្រីរាជការអាណាព្យាបាល មានតួនាទីជា លេខាធិការ “រ៉េស៊ីដង្គ” បារាំង ។ អាយុបាន 7 ឆ្នាំ ចូលរៀននៅ កំពង់ស្ពឺ រួច នៅកំពង់ចាម ដល់អាយុ 12 ឆ្នាំ បីតាទទួលអនិច្ចកម្ម ទៅរៀននៅ ភ្នំពេញ ។ នៅឆ្នាំ 1940 បានចូលរៀន សាលាច្បាប់ ចេញទៅធ្វើ ជា មន្ត្រីក្នុងតុលាការ ។ នៅឆ្នាំ 1943បានធ្វើជា ក្រឡាបញ្ជី នៅសាលាដំបូងកំពង់ធំ ហើយក្នុងឆ្នាំ 1945បានឡើងធ្វើជា សុភាចារបុរស នៅ សាលាដំបូងសៀមរាប ក៏បាន រៀបអាពាហ៍ពិពាហ៍នៅក្នុងខេត្តនេះ ។ នៅឆ្នាំ 1947 លោកបានឡើងជា ចៅក្រម នៅ សាលាឧទ្ធរណ៍ រួចផ្លាស់ទៅ ខេត្តកំពង់ចាម រួចមក ក្រុងភ្នំពេញ ហើយបានទៅបំពេញ ការសិក្សានៅប្រទេសបារាំង មួយឆ្នាំ ។ នៅឆ្នាំ 1962 លោកបានជាប់ឆ្នោតជា តំណាង-រាស្ត្រ មណ្ឌលជីក្រែង ក្នុងខេត្តសៀមរាប ។ ពីឆ្នាំ 1957ដល់ 1964 លោកបានជាប់ ឆ្នោតជា ប្រធាន សមាគមអ្នកនិពន្ធខ្មែរ ។ ទន្ទឹមនឹងតួនាទីជា ចៅក្រម លោកបានធ្វើជា សាស្ត្រាចារ្យជំនួយ នៅ មហាវិទ្យាល័យច្បាប់ អស់រយៈពេលជាច្រើនឆ្នាំ ។ លោកបាន ទទួលអនិច្ចកម្ម នៅថ្ងៃទី 4 កញ្ញា 1971 ។
លោក បានទុកស្នាដៃ ដូចតទៅនេះ ៖
- រឿង ចោរបិទមុខ, ភ្នំពេញ, 1941
- រឿង ចោរលួចប្រាក់, ភ្នំពេញ, 1953
- រឿង ចោរភ្នំត្បែង, ភ្នំពេញ, 1955
- រឿង ចិត្តឪពុក, ភ្នំពេញ, 1959
សិក្សាកថា ៖
ពន្យល់ច្បាប់ សំរាប់ប្រជារាស្ត្រ, ភ្នំពេញ, 1960
វចនានុក្រម ច្បាប់, ភ្នំពេញ, 1958
ដោយលោកជា នីតិវិទូ និង ចៅក្រម ដែលធ្លាប់ ស៊ើបអង្កេត និង កាត់ទោស ជន ប្រព្រឹត្តបទល្មើស ចោរកម្ម និង ឧក្រិដ្ឋកម្ម នានា លោកបានតែងនិពន្ធបែបប្រភេទនេះជាច្រើន ។ នេះ សម្រង់អត្ថបទពី ប្រលោមលោក "ចោរភ្នំត្បែង” ដែល លោកបាននិពន្ធនៅពេលដែល ប្រទេសខ្មែរ ទើបនឹងបានឯករាជ្យ ចេញពីនឹមអាណានិគម បារាំង ហើយបានបោះពុម្ពផ្សាយនៅឆ្នាំ ១៩៥៥ ៖
- សកម្មភាព នៃ លោក សុគន្ធា
ព្រះអាទិត្យរះផុតជើងមេឃហើយ ប៉ុន្តែអ្នកស្រុកផ្សារវៀង មើលពុំទាន់ឃើញពន្លឺ ចង្កៀងទិព្វនោះ នៅឡើយទេ ដោយនៅជាយទីប្រជុំជននេះ ព្រឹក្សាដ៏ខ្ពស់ៗដុះព័ទ្ធជុំវិញ យ៉ាងក្រាស់ ។ គេហដ្ឋានជាច្រើន ដែលស្មានតែពុំទាន់ភ្លឺនៅឡើយ ពុំព្រម បើកបង្អួច បើក ទ្វារ ទេ ហាក់ដូចជានៅងងុយខ្លាំងណាស់ ។ ទុកជាខ្យល់បក់មកពីទិសខាងជើង មកច្រាន មែកឈើជិតខាង ឲ្យចាស់អង្រន់គេយ៉ាងណាក៏ដោយ ផ្ទះទាំងនោះខំប្រឹងសម្ងំស្ងៀម ដើម្បី ផ្គាប់ចិត្តម្ចាស់គេរៀងខ្លួន ដែលកំពុងនិន្ទ្រាក្នុងភួយយ៉ាងក្រាស់ លើគ្រែ ។ ខុសគេតែ សាលាស្រុកមួយទេ “ដែលមិនព្រមសុំចុះចាញ់ ចំពោះធាតុរងារកំណាចក្នុងខែកក្តិកនេះ សោះ ។ ទ្វារបង្អួចទាំងឡាយបើកចំហធំៗ បង្ហាញ កេសា នៃ មន្ត្រីគ្រប់រូប ដែលកំពុង អង្គុយនៅតុរៀងខ្លួន ។ ពេលនោះ ពុំទាន់មានអ្នកស្រុកម្នាក់ណាមកដល់ទេ ។ លុះត្រាតែ សែងព្រះអាទិត្យ នៃ ថ្ងៃចន្ទ ជ្រួតជ្រាបតាមចន្លោះតូចៗ នៃ សន្លឹកឈើយ៉ាងក្រាស់ បញ្ចេញ ទិដ្ឋភាពវែងៗ ដូចជាព្រញស្នា បាញ់មកដោតនឹងជញ្ជាំងសាលា ទើបមានជន ប្រុស-ស្រី បួន-ប្រាំ នាក់ ដើរមកដល់ ហើយបបោសជើងម៉ាខាងមុខសាលា អង្គុយ ស៊ីស្លា ជក់បារី ។
- លោកចៅហ្វាយ អញ្ជើញមកដល់ហើយ ឬនៅ? (មនុស្សប្រុសម្នាក់ ក្នុងចំណោម ជនទាំងនោះ កាន់ក្រដាសមួយ មូរយ៉ាងតូច ដើរចូលមក ហើយសួរ បណ្ណទូត ម្នាក់ ដែល អង្គុយនៅមាត់ទ្វារ មាត់ទ្វារនោះ មានបិទបន្ទះក្តារមួយសន្លឹក សរសេរដាក់ថា “ចៅហ្វាយ ស្រុក” ។
- មានការអ្វី? បើឡើងពាក្យប្ដឹងទេ សុំយកទៅជូន លោកស្មៀនសាលា ឯណោះ វិញ (បណ្ណទូត ឃាត់) ។
- ទេ ខ្ញុំមានការធំណាស់ ចង់ជួបនឹង លោកចៅហ្វាយ ផ្ទាល់តែម្តង ។
បណ្ណទូត គោះទ្វារ ហើយនាំបុរសនេះទៅជួប លោក សុគន្ធា ចៅហ្វាយស្រុករវៀង ដែលអង្គុយនៅតុមួយធំម្នាក់ឯង ក្នុងបន្ទប់យ៉ាងទូលាយ ។
អញ្ជើញមកមានការអ្វីដែរឬ? (លោកញញឹមសួរទៅអ្នកស្រុក ដែលធ្វើអាកប្បកិ រិយាទ្រនៗ សំពះប្រណម្យហុចពាក្យទៅលោក ហើយដាក់ប្រាណអង្គុយចោងហោងទៅលើ ក្ដារ ដៃនៅតែប្រណម្យជាប់) ទេ! ក្រោកឈរឡើង កុំធ្វើអីចឹង ខ្មាស់ជាតិគេ អញ្ជើញអង្គុយនៅកៅអីនេះទៅ កៅអីនេះ ខ្ញុំទុកសំរាប់ឲ្យភ្ញៀវអង្គុយហើយ ។
- ទានប្រោស ដូចជាពុំគួរ បើនឹងអង្គុយស្មើនឹងព្រះតេជព្រះគុណម្ចាស់ៗ ជាចៅ ហ្វាយនាយយើងខ្ញុំ ។
- អ្នកយល់ខុសទេ (លោក ចាប់ទាញដៃភ្ញៀវឲ្យអង្គុយលើកៅអី) កាលពីដើមខែនោះ មែន សព្វថ្ងៃ ដែលប្រទេសយើងបានឯករាជ្យខ្លះហើយនេះ គេមិនប្រកាន់ដូច្នោះទៀតទេ យើងសុទ្ធតែជាអ្នកបម្រើ ប្រទេសជាតិដូចគ្នា គ្មានអ្នកណាធំជាងអ្នកណាទេ.....! នេះពាក្យ របស់អ្នកឬ? ប្តឹងពីចោរលួចគោ? អ្នកនិយាយប្រាប់ខ្ញុំវិញ ពិស្តារជាង ។
ទានប្រោស ខ្ញុំបាទនេះហើយឈ្មោះ គាចាន់ នៅភូមិកំពង់ពុទ្ធា សូមទាន កាលពី យប់ 13រោច ខែអាសាធ នេះ ខ្ញុំបាទឃើញជាក់ជា ឈ្មោះ ពុទ្ធ ជេស កាច់របារក្រោល ចូលលួចគោខ្ញុំបាទ ពីក្រោមផ្ទះ មិនតែប៉ុណ្ណោះ មានសាក្សីខ្ញុំបាទ 4 នាក់ ដែលឮសូរបាក់ របារ ក្រោកឡើងរត់មកទាន់ ឃើញសំគាល់មុខវាច្បាស់ណាស់ ។...