2.50 $
៣៨ឆ្នាំបានកន្លងផុតទៅ ពិតជារយៈពេលមួយដ៏យូរដែលរបបប្រល័យពូជ សាសន៍បានរលំរលាយទៅ។ មានព្រឹត្តិការណ៍អាក្រក់ៗជាច្រើនបានកើតឡើង យ៉ាងពិតប្រាកដនៅលើមាតុភូមិរបស់យើងនាទសវត្សរ៍ឆ្នាំ៧០ ដែលខ្ញុំនៅតែមិន អាចបំភ្លេចបាន ទុក្ខវេទនាគ្រប់បែបយ៉ាងដែលពិបាកនិងទ្រាំដើម្បីរស់ ការបែក បាក់ក្រុមគ្រួសារ ការរស់នៅដូចសត្វធាតុ ស្លាប់ដោយអត់អាហារ ស្លាប់ ដោយឈឺគ្មានថ្នាំព្យាបាល ពលកម្មធ្ងន់ធ្ងរ និងការសម្លាប់តាមបែបឃោរឃៅ គ្រប់រូបភាពដែលមនុស្សធម្មតានឹកស្មានមិនដល់។
ទាំងអស់នេះមានអ្នកជំនាន់ក្រោយខ្លះ ពេលបានស្តាប់ហើយដូចជាធម្មតាៗ មិនចាប់អារម្មណ៍ អ្នកខ្លះនិយាយថា ហេតុអ្វីបានជាអ្នកដឹកនាំខ្មែរធ្វើបែបនេះ មានអ្នកខ្លះនិយាយថាមិនគួរឲ្យជឿ ឯអ្នកខ្លះទៀតនិយាយថា សំណាងហើយ ដែលខ្ញុំកើតមកមិនចំសម័យនោះ អ្នកខ្លះនិយាយថាចាំបាច់ធ្វើបែបនេះធ្វើអ្វី?
សោកនាដកម្មទាំងឡាយ ដែលបានរៀបរាប់ដោយអ្នកជំនាន់មុនប្រាប់ អ្នកជំនាន់ក្រោយ បានក្លាយជារឿងនិទានប្រវត្តិសាស្ត្រ ដែលកូនខ្មែរគ្រប់រូប បានដឹងតាមរយៈសាលារៀន ឪពុកម្តាយ ញាតិមិត្ត សៀវភៅ ឬឯកសារផ្សេងៗ ប៉ុន្តែការដឹងឮនេះ មិនគ្រប់រឿងទាំងអស់ទេ នៅមានខ្វះចន្លោះខ្លះ ហេតុដូច្នេះ សំណេរនេះ នឹងរៀបរាប់នូវសោកនាដកម្មនៅកន្លែងផ្សេងទៀតដែលខ្ញុំបានជួបគឺ មណ្ឌល៣២ ខ្ញុំនិងមនុស្សដែលបានជាប់នៅទីនោះ បានហៅទីនោះថាគុក៣២ នៅគ្រាមួយ ខ្ញុំត្រូវបានគេបញ្ជូនទៅកាន់ទីនោះទាំងយប់។ នៅលើទំព័រជាបន្ត បន្ទាប់ទៅនេះគឺជាអ្វីគ្រប់យ៉ាងដែលខ្ញុំបានជួប និងបានទទួលក្នុងឋានៈជាអ្នក ទោសដោយមិនដឹងខ្លួន។