
នីតិរដ្ឋធម្មនុញ្ញ៖ ទស្សនវិជ្ជា ការប្រៀបធៀប និងរដ្ឋធម្មនុញ្ញកម្ពុជា
10.00 $
ផ្តើមដោយការរំលឹកឡើងវិញនូវស្នាដៃចងក្រង ស្រាវជ្រាវ និងតែងនិពន្ធសៀវភៅ “នីតិរដ្ឋធម្មនុញ្ញ” នេះ សៀវភៅ នីតិរដ្ឋធម្មនុញ្ញ៖ ទស្សនវិជ្ជា ការប្រៀបធៀប និងរដ្ឋធម្មនុញ្ញកម្ពុជាជាស្នាដៃទី៧ របស់ លោក ហេង គំឹម ហុង។ ចំពោះលោក ស្នាដៃនេះមានគោលបំណងតែមួយគត់ គឺដើម្បីក្លាយជាឯកសារជំនួយស្មារតីថ្មីមួយសម្រាប់ការសិក្សាអំពីនីតិរដ្ឋធម្មនុញ្ញ ឱ្យកាន់តែមានកម្រិទូលំទូលាយ សម្រាប់មិត្តអ្នកស្រាវជ្រាវ និងនិស្សិត ក្នុងការស្វែងយល់អំពីកំណើត ទស្សនវិជ្ជា និងវិទ្យាសាស្ត្ររដ្ឋធម្មនុញ្ញ។
ទោះបីយើងដឹងថា មានសៀវភៅនីតិរដ្ឋធម្មនុញ្ញត្រូវបានចងក្រងដោយរៀមច្បងជាច្រើន សៀវភៅនេះ មានភាពខុសគ្នាស្ទើរតែទាំងស្រុងនៅក្នុងសៀវភៅនេះ។ សៀវភៅនេះបានរៀបរាប់លើសពីសេចក្តីផ្តើមនៃនីតិ បានបញ្ចូលនូវប្រវត្តិរដ្ឋធម្មនុញ្ញ ទស្សនវិជ្ជារដ្ឋធម្មនុញ្ញ គោលគំនិតនៃរដ្ឋធម្មនុញ្ញ ការប្រៀបធៀបរដ្ឋធម្មនុញ្ញក្នុងតំបន់ ការប្រៀបធៀបរដ្ឋធម្មនុញ្ញកម្ពុជាគ្រប់សម័យកាល និងការសិក្សាយ៉ាងលម្អិតពីរដ្ឋធម្មនុញ្ញកម្ពុជានាពេលបច្ចុប្បន្ន។
នីតិរដ្ឋធម្មនុញ្ញ និងការវិវត្តនៃរដ្ឋធម្មនុញ្ញកម្ពុជា។ ជាពិសេស រដ្ឋធម្មនុញ្ញនាពេលបច្ចុប្បន្ន ត្រូវសិក្សាឱ្យបានល្អិតល្អន់ ពីព្រោះវាជាវិធានជាតិខ្ពស់បំផុតដែលបង្កប់នូវស្មារតីជីវភាពបច្ចុប្បន្ន ទាំងនយោបាយ សិទ្ធិ និងលំហសង្គមដ៏ធំធេង។ បើអ្នកពុំបានដឹងពីរដ្ឋធម្មនុញ្ញបច្ចុប្បន្នទេ នោះមានន័យថា អ្នកហាក់ពុំដឹងថាខ្លួនកំពុងរស់នៅត្រង់កន្លែងណានៃសង្គម មានតម្លៃយ៉ាងណា និងអាចធ្វើអ្វីខ្លះដើម្បីសង្គមជាតិ។ វានឹងក្លាយជាការខាតបង់ ព្រោះប្រៀបដូចជាម្ចាស់ដីដែលគ្មានប្លង់រឹង ឬជាមនុស្សដែលរស់ក្នុងសភាពតែលតោលអញ្ចឹងដែរ។
ជំពូកទី៣ នៃរដ្ឋធម្មនុញ្ញ បានបង្ហាញយ៉ាងច្បាស់អំពីសិទ្ធិ និងករណីយកិច្ចរបស់យើងទាំងអស់គ្នាថា តើអាចធ្វើអ្វីខ្លះក្នុងសង្គម ព្រមទាំងការទទួលខុសត្រូវខ្ពស់បំផុតចំពោះជាតិមាតុភូមិ ដែលស្ទើរតែផ្ទុយស្រឡះពីគំនិតធម្មតាៗដែលយើងយល់ក្នុងនាមជាមនុស្សសមញ្ញ។ តាមពិតទៅ យើងម្នាក់ៗមានទំនួលខុសត្រូវលើសពីគ្រួសារដែលយើងធ្លាប់គិត គឺយើងត្រូវទទួលខុសត្រូវលើប្រទេសជាតិតែម្តង។


