អ្នកនិពន្ធ ញ៉ុកថែម

May 13, 2025
116
Image's អ្នកនិពន្ធ ញ៉ុកថែម

លោក ញ៉ុក ថែម ជាអ្នកប្រាជ្ញផ្នែកអក្សរសាស្ត្រខ្មែរនិងពុទ្ធសាសនាមួយ រូបដែលប្រជាពលរដ្ឋបានស្គាល់សឹងតែគ្រប់គ្នា។ ជាពិសេសទៅទៀតបើនិយាយ ពីរឿងកុលាបប៉ៃលិនដែលមានតួអង្គឯកគឺចៅចិត្រនិងឃុននារី នរណាក៏សរសើរ ដែរ។ ម្ចាស់រឿងកុលាបប៉ៃលិន បានកើតនៅ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ1903។ នៅឃុំស្វាយប៉ោ ស្រុកសង្កែ ខេត្តបាត់ដំបង។ បិតាលោកឈ្មោះ ញុំ រីឯមាតា ឈ្មោះ ហៀក ជាជនជាតិខ្មែរហើយជាកសិកររស់នៅភូមិអូតាគី ឃុំជ្រៃស្រុក ខេត្តបាត់ដំបង។ អាយុបាន10ឆ្នាំមាតាបិតាបាននាំលោក ញ៉ុក ថែម ទៅសំណាក់ នឹងលោកគ្រូអាចារ្យ សន ដែលត្រូវជាជីតានាវត្តពោធិវាល សង្កាត់ស្រុកសង្កែ ខេត្តបាត់ដំបង ដើម្បីសិក្សាអក្សរជាតិនិងព្រះពុទ្ធសាសនា។ លោកធ្លាប់បានទៅ សិក្សានិងធ្វើការនៅប្រទេសថៃកាលនោះ លោកបាននិពន្ធសៀវភៅជាភាសាថៃឬ បាលីថៃ។

ពេលលោកទៅសិក្សានៅប្រទេសថៃលោកក៏បានធ្វើការនៅទីនោះដែរ។ លោកធ្វើជាគ្រូបង្រៀនភាសាបាលី នៅទីក្រុងបាងកក ចាប់ពីឆ្នាំ1927 ទៅ ទល់នឹង ឆ្នាំ1930 ទើបត្រឡប់មកកាន់ទីក្រុងភ្នំពេញវិញ ដោយចូលធ្វើជា សមាជិកគណៈកម្មាការប្រែព្រះត្រៃបិដកនៅពុទ្ធសាសនបណ្ឌិត្យ។ នៅឆ្នាំ1948លោកធ្វើការនៅ ព្រះរាជបណ្ណាល័យកម្ពុជា ដោយមានមុខងារជាអ្នកចាត់ចែង បោះពុម្ពផ្សាយសៀវភៅផ្សេងៗ និងទស្សនាវដ្ដីកម្ពុជសុរិយា។ បន្ទាប់មកឆ្នាំ1939 លោកបានធ្វើជាតំណាង សម្តេចព្រះនរោត្តមសុធារស និង សាសនបណ្ឌិត្យក្រុងភ្នំពេញ ជាមួយតំណាងផ្សេងៗទៀត លោកក៏បានទៅ រៀបចំកម្មវិធីសិក្សានិងពិធីសម្ពោធពុទ្ធសាសនបណ្ឌិត្យ នៅក្រុងហ្លួងព្រះបាងនិង ក្រុងវៀងច័ន្ទ ប្រទេសលាវ។ ឆ្នាំ1942 លោកបានទៅសម្ពោធមន្ទីរ បណ្ឌិត ខេត្តឃ្លាំង ប្រទេសវៀតណាមភាគខាងត្បូងនិងឆ្នាំ1943 លោកក៏ជា តំណាងរៀបចំ កម្មវិធីសិក្សាសម្រាប់ពុទ្ធសាសនបណ្ឌិត្យ នៅខេត្តប៉ាក់សេ ប្រទេសលាវ ។

លោក ញ៉ុក ថែម បានធ្វើជាសាស្ត្រាចារ្យខ្មែរថ្នាក់ទី5នៃ សាលាគរុវិជ្ជា នៅឆ្នាំ1945។ នៅឆ្នាំ1946លោកធ្វើការនៅ វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ព្រមទាំងជាសាស្ត្រាចារ្យ នៅវិទ្យាល័យស៊ីសុវត្ថិ ទៀតផង។ ប៉ុន្តែនៅឆ្នាំ1950 លោកសុំលាឈប់ពីពុទ្ធសាសនបណ្ឌិត្យចូលមកបម្រើការ នៅក្នុងក្រសួងសិក្សា ធិការជាតិ ក្រោយពេលដែលបារាំងផ្ទេរ វិទ្យាល័យស៊ីសុវត្ថិ មកជាសម្បត្តិជាតិ ហើយលោកធ្វើជាសាស្ត្រាចារ្យ ជាប់សន្យារហូតមក។ ប្រាំមួយឆ្នាំក្រោយមកគឺ នៅឆ្នាំ1956លោកសុំផ្លាស់ទៅធ្វើជាសាស្ត្រាចារ្យខ្មែរនៅ វិទ្យាល័យមុនីវង្ស នា ក្រុងបាត់ដំបង។ ប៉ុន្តែក្នុងឆ្នាំ1958 លោកបានផ្លាស់ទៅធ្វើការនៅ វិទ្យាស្ថាន ជាតិគរុកោសល្យ នាក្រុងភ្នំពេញវិញក្នុងឋានៈជាសាស្ត្រាចារ្យផង និងអ្នកស្រាវជ្រាវ ឯកសារអក្សរសាស្ត្រខ្មែរ នៅវិទ្យាស្ថាននោះផង។ លោកក៏ជាសាស្ត្រាចារ្យផ្នែក ភាសាខ្មែរនៅសាលាភូមិន្ទរដ្ឋបាល ។