
ស៊ូ ខេមរិន្ទ
Sou Khemrin
(1986–បច្ចុប្បន)
ប្រវត្តិរូបសង្ខេប
លោក ស៊ូ ខេមរិន្ទ គេស្គាល់ថាជា “កវីដងស្ទឹងសែន” ហើយមានភាពលេចធ្លោក្នុងចំណោមអ្នកនិពន្ធជំនាន់ចាស់។ លោកជាកវីឯករាជ្យម្នាក់ ដែលបានបង្កើតស្នាដៃជាច្រើនផ្តល់ការអប់រំដល់យុវវ័យយ៉ាងទូលំទូលាយ។
លោកកើតនៅថ្ងៃទី 4 ខែឧសភា ឆ្នាំ 1986 នៅភូមិអាចារ្យលាក់ ឃុំលេខ 9 ស្រុកទីរួមខេត្ត ខេត្តកំពង់ធំ។ លោកជាបុត្ររបស់លោកឪពុក ស៊ូ ឈុនអេង និងអ្នកម្តាយ ផាវ ចន្ទ។ បច្ចុប្បន្ន លោកកំពុងរស់នៅភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
បន្ទាប់ពីបញ្ចប់ការសិក្សាវិទ្យាល័យដោយជោគជ័យ លោកបានប្រឡងជាប់ជាគ្រូអនុវិទ្យាល័យផ្នែកអក្សរសាស្ត្រខ្មែរ និងអង់គ្លេស។ លោកបានបម្រើការងារជាគ្រូវិទ្យាល័យរយៈពេល 2 ឆ្នាំ រហូតដល់ចុងឆ្នាំ 2008 បន្ទាប់មកបានចូលរៀនបន្ដសិក្សានៅសាកលវិទ្យាល័យ។
លោកមានចំណង់ចំណូលចិត្តក្នុងការតែងនិពន្ធចាប់តាំងពីនៅក្មេង ហើយការតស៊ូប្រឹងប្រែងរបស់លោកបាននាំឲ្យទទួលបានវិញ្ញាបនបត្រជាអ្នកនិពន្ធក្មេងឆ្នើម ក្នុងឆ្នាំ 2013 ពីសមាគមប៊ិចកម្ពុជា។
លោកធ្លាប់ផ្តល់សម្ភាសន៍ឲ្យវិទ្យុបារាំងអន្តរជាតិ វិទ្យុអាស៊ីសេរី និងវិទ្យុខ្មែរប៉ុស្តិ៍ ជុំវិញបញ្ហាការតែងនិពន្ធនៅកម្ពុជា។
លោកជាជនជាតិនិយមខ្មែរដ៏មុតមាំ ហើយនាមប៉ាកការរបស់លោកគឺ "ប៉ាកការរាំ"។ ស្នាដៃរបស់លោកដូចជាកំណាព្យ និងទំនុកច្រៀងមានច្រើនរយបទត្រូវបានផ្សព្វផ្សាយតាមទំព័រ Facebook មានឈ្មោះ "Sou Khemrin Khmer Writer"។
បច្ចុប្បន្ននេះ លោកជាគ្រូបង្រៀនគ្រូបឋមសិក្សានៅសាលាគរុកោសល្យ និងវិក្រិត្យការខេត្តកំពង់ធំ។
លោកប៉ាកការរាំមានបំណងចែករំលែកបទពិសោធន៍ការតែងនិពន្ធរបស់ខ្លួនដល់អ្នកជុំវិញ និងជំនាន់ក្រោយ។ លោកបានផ្តល់សារដ៏មានតម្លៃមួយ៖
“បើអ្នកស្រឡាញ់ការតែងនិពន្ធ ចូរកុំបោះបង់ ទោះវាមិនបានប្រយោជន៍ច្រើនដល់អ្នក ក៏អាចមានតម្លៃសម្រាប់អ្នកជំនាន់ក្រោយ តាមរយៈស្នាដៃណាមួយដោយយកបញ្ហាសង្គមមកឆ្លុះបញ្ចាំង”។
ស្នាដៃ
- ស្នាដៃកំណាព្យ
- មេឃអើយ ច័ន្ទអើយ
- រំដួលកោះត្រល់
- យុវជនពិតនិងយុវជនពាល
- កាលខ្ញុំត្រឹមត្រូវ
- ស្រេចគេថា
- អន្លង់ចិនសុបិន្តស្នេហ៍
- គន្ធបុប្ផា
- ស្នាដៃប្រលោមលោក
- រឿងខ្មាសឆ្កែ
- រឿងយប់អនាមិក
- ស្នេហ៍ក្រោមដំណកទឹកភ្នែក